ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សាជម្ពូវ័ន្ត
រាជធានីភ្នំពេញ៖ សាលាបឋមសិក្សាជម្ពូវ័ន្ត បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំ សិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពិធីបើកបវេសនកាលនេះ មានការចូលរួមផងដែរពីលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មាតាបិតា អ្នកអាណាព្យាបាល លោកនាយក លោកគ្រូ អ្នកគ្រូ ប្អូនៗ សិស្សានុសិស្ស ព្រមទាំងកីឡាករ កីឡាការិនីតេក្វាន់ដូរអាយធីអេហ្វ និងសិល្បៈករ សិល្បការិនី។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម បានសម្តែងនូវការគោរពអរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការបង្ហាត់ បង្រៀន ទូន្មានដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសិស្សល្អពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី សម្រាប់អនាគតរបស់ប្រទេសជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានចែកជូននូវសម្ភារៈសិក្សាមួយចំនួន ដែលជាអំណោយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសប្បុរសជនមួយមួយចំនួនតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕