ឯកឧត្ដម កែវ សុទ្ធិ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមចូលរួមការពាររបាយការណ៍ជាតិ
នៅរសៀល ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សានិងប្រមូលធាតុចូលបន្ថែម ក្នុងការត្រៀមចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ គ.ស.ម.ក. ទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីការ ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងទទួលបានព័ត៌មានសំខាន់ៗគ្រប់ជ្រុងជ្រោយ សម្រាប់ត្រៀមលក្ខណៈ ក្នុងកិច្ចសន្ទនាជាមួយគណៈកម្មាធិការ ទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិ ក្នុងការចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ លើកដំបូងរបស់ព្រះរាជាណាចក្រ កម្ពុជាដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ៕