ឯកឧត្តម ជិន ម៉ាលីនបានដឹកនាំគណៈប្រតភូ គ.ស.ម.ក. ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ.ស.ម.ក. ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន គ.ស.ម.ក. បានដឹកនាំគណៈប្រតភូ គ.ស.ម.ក. ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងយុត្តិធម៌ ដើម្បីធ្វើការបកស្រាយ និងផ្តល់ព័ត៌មានពិស្តារ អំពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិ ការអនុវត្តច្បាប់ នីតិវិធីតុលាការ និងកិច្ចការសិទ្ធិមនុស្ស ជូនដល់គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU-146)។