ឯកឧត្តម កែវ រ៉េមី ទទួលជួប ឯកឧត្តម Mikami Masahiro

ឯកឧត្តម កែវ រ៉េមី ទទួលជួប ឯកឧត្តម Mikami Masahiro ឯកឧត្តម កែវ រ៉េមី ទទួលជួប ឯកឧត្តម Mikami Masahiro

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិការងារ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការទទួលជួប ក៏ដូចជាកិច្ចសហការកន្លងមកក្នុងការងារសិទ្ធិមនុស្ស និងកិច្ចសន្ទនាទ្វេភាគីស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងជប៉ុន ព្រមទាំងកិច្ចការផ្សេងៗទៀតដែលជាប្រយោជន៍ក្នុងលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតជប៉ុន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត សង្ឃឹមថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នឹងប្រព្រឹត្តទៅដោយរលូននិងជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គ.ស.ម.ក. ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក របស់ស្ថានទូតជប៉ុន ក្នុងវិស័យសិទ្ធិមនុស្ស។ ឯកឧត្តម ក៏បានលើកឡើងពីបេសកកម្មរបស់ គ.ស.ម.ក. ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ នៅពេលថ្មីៗនេះ គ.ស.ម.ក. បានដាក់ប្រអប់បណ្តឹង នៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ ដើម្បីឱ្យមានភាពងាយស្រួលដល់ជនជាប់ឃុំក្នុងការដាក់ពាក្យបណ្ដឹង ហើយគ.ស.ម.ក.នឹងបន្តដាក់ប្រអប់បណ្តឹងនេះតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារផ្សេងៗទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ.ស.ម.ក. និងពន្ធនាគារក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិរបស់អ្នកជាប់ឃុំ។

ឯកឧត្តមក៏បន្តលើកឡើងផងដែរថា គ.ស.ម.ក កំពុងតែគិតពិចារណាក្នុងការបង្កើតឱ្យមាន កម្មវិធីតាមទូរស័ព្ទ (Apps) ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមអនឡាញ មកគ.ស.ម.ក. បានផងដែរ។

នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានជូនពរឯកឧត្តមឯកអគ្គរាជទូត ហើយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហការ រវាងគ.ស.ម.ក. និងស្ថានទូតជប៉ុននឹងនៅតែបន្តរហូត។

អត្ថបទទាក់ទង