គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកុមារកំព្រារ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកុមារកំព្រា និងនាំយកគ្រូពេទ្យស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមកពិនិត្យព្យាបាលដល់កុមារដែលកំពុងស្នាក់នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ និងចាស់ជរា ក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្ត មេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងមន្ទីរសង្គមកិច្ចខេត្តកណ្តាល និងលោកស្រីមេភូមិ។
ការចុះមកនេះ ក្នុងគោលបំណងដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់កុមារ និងនាំយកគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពដល់កុមារដែលកំពុងស្នាក់នៅក្នុងសមាគមនេះ និងចាស់ជរាក្នុងភូមិ សរុបចំនួន ១១៣នាក់។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់សមាគមសម្រាប់ប្រើប្រាស់តាមជាក់ស្តែង។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើ្វការកោតសរសើរដល់លោកប្រធាន និងបុគ្គលិកទាំងអស់ក្នុងសមាគម ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបីបាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។ ឯកឧត្តម បានបញ្ជាក់ជូនថា គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់សមាគមតទៅទៀតផងដែរជារៀងរាល់ខែ។
ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចខេត្តកណ្តាល កាកបាទក្រហមកម្ពុជា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់សមាគមនាពេលកន្លងមក ព្រមទាំងអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតពីសំណាក់សប្បុរសជនដទៃទៀតផងដែរ។