ឯកឧត្តម កែវ រ៉េមី បានអនុញ្ញាត្តឱ្យ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួល ជួបលោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (IE SOGI)។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជាមានចំណុចខ្លាំងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលអាចមើលឃើញតាមរយៈការចែងយ៉ាងច្បាស់នៅពេញមួយជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ អំពីការទទួលស្គាល់និងការគោរពសិទ្ធិមនុស្ស ហើយជាពិសេស នៅកម្ពុជាគ្មានទោសប្រហារជីវិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទទួលយកអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្ដល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សសំខាន់ៗចំនួន ៨ ក្នុងចំណោមអនុសញ្ញាទាំង៩ ទាំងនេះគឺជាការបង្ហាញនូវប្ដេជា្ញចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងជំនួបនោះ លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានបង្ហាញនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទាំងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល គឺបានការពារមិនឱ្យមានការរើសអើង ហើយទាំងនៅក្នុងការអនុវត្តសមត្ថកិច្ច ក៏មិនឃើញមានការរើសអើងជាប្រព័ន្ធនោះទេ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានជួបជាមួយក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយពួកគាត់បានបង្ហាញនូវទស្សនវិជ្ជមានចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព និងលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស បានបញ្ជាក់ថា លោកនឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់លោកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ អំពីភាពជាវិជ្ជមានដែលក្នុងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាមិនឱ្យមានការរើសអើងដោយផ្អែកលើនិន្នាការភេទ។ ចំពោះលោកផ្ទាល់សូមគោរពនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាដែលបានទទួលយកអនុសាសន៍ ក្នុងការធ្វើឱ្យស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ការធ្វើច្បាប់ប្រឆាំងការរើងអើង។