គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំ “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំ “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” នៅសាលសន្និសីទបូកគោ ខេត្តកំពត។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្ត ប្រធានពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក មន្រ្តីរាជការនៃរដ្ឋបាលខេត្តនិងមន្ទីរជុំវិញខេត្តកំពត ផងដែរ។
ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា សិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានការពារ និងគោរព ដោយប្រពលរដ្ឋមានសិទ្ធិពេញទីក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពដទៃទៀត។ ការធានាបាននូវសន្តិភាព គឺបាននាំមកជូនប្រជាជនកម្ពុជានូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស។ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យប្រទេសកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្តទៀត។ ឯកឧត្តមបានសំណូមពរឲ្យប្រជាពលរដ្ឋគោរពច្បាប់ជាធរមាន និងប្រើប្រាស់សិទ្ធិសេរីភាព របស់ខ្លួនក្នុងដែនកំណត់នៃច្បាប់ ដើម្បីជៀសវាងប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងនាំឲ្យមានភាពអសន្តិសុខសង្គម។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា។ ឯកឧត្តមបានលើកឡើងបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្បីឱ្យអង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ រួមនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃរបាយការណ៍នេះ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ នូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះ ផងដែរ។ បន្ថែមពីនេះ ក៏ជាការបង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។
នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកំពត ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅ ផងដែរ៕





















