ឯកឧត្តម កែវ រ៉េមី អញ្ញើញជាអធិបតី​ ក្នុង​ពិធីបើក​សិក្ខាសាលា នៅសាលាខេត្តកែប

ឯកឧត្តម កែវ រ៉េមី អញ្ញើញជាអធិបតី​ ក្នុង​ពិធីបើក​សិក្ខាសាលា នៅសាលាខេត្តកែប ឯកឧត្តម កែវ រ៉េមី អញ្ញើញជាអធិបតី​ ក្នុង​ពិធីបើក​សិក្ខាសាលា នៅសាលាខេត្តកែប

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំ “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) នៅសាលាខេត្តកែប។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្ត ប្រធានពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក មន្រ្តីរាជការនៃរដ្ឋបាលខេត្តនិងមន្ទីរជុំវិញខេត្តផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង:
១-ផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
២-ផ្សព្វផ្សាយឱ្យអង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ រួមនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃរបាយការណ៍នេះ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ នូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះ
៣-បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជា រដ្ឋសមាជិកអង្គការសហប្រជាជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកែបបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិសុខ សុវត្ថិភាព និងការថែរក្សាសន្តិភាព ដែលបាននាំមកនូវការអភិវឌ្ឍរីកចម្រើនក្នុងវិស័យជាច្រើននៅក្នុងខេត្ត ដោយរួមទាំងការគោរព លើកកម្ពស់សិទ្ធិមនុស្សផងដែរ។ សិទ្ធិមនុស្សកើតទៅបានដរាបណាប្រទេសជាតិមានសន្តិភាព ដូចនេះសូមឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព។ ប្រសិនបើប្រទេសមានសង្គ្រាម សិទ្ធិមនុស្សនឹងត្រូវរលាយសាបសូន្យជាមិនខាន។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហាញនូវឆន្ទៈមុតមាំក្នុងការគោរពសិទ្ធិមនុស្ស។ កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្សតាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពី សិទ្ធិមនុស្ស នៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា។
នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បាន ថ្លែងអំណរគុណ ចំពោះរដ្ឋបាល ខេត្តកែប ចំពោះ កិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើសិក្ខាកាម ទាំងអស់ យកចិត្ត ទុកដាក់ ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងរបាយការណ៍ជាតិនេះរួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅផងដែរ៕

អត្ថបទទាក់ទង