ឯកឧត្ដម កែវ សុទ្ធិ បង្ហាញសមិទ្ធផលការងារ និងចំណាត់ការរបស់ គ.ស.ម.ក. ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ នៅសន្និបាតទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្ដម កែវ សុទ្ធិ បង្ហាញសមិទ្ធផលការងារ និងចំណាត់ការរបស់ គ.ស.ម.ក. ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ នៅសន្និបាតទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម កែវ សុទ្ធិ បង្ហាញសមិទ្ធផលការងារ និងចំណាត់ការរបស់ គ.ស.ម.ក. ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ នៅសន្និបាតទីស្តីការគណៈរដ្ឋមន្ត្រី
អគារសន្តិភាព៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលរំដួល អគារសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនេះ ឯកឧត្តម កែវ សុទ្ធិ អនុប្រធាន គ.ស.ម.ក. បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងបានធ្វើបទបង្ហាញនូវរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារ និងចំណាត់ការបណ្ដឹងរបស់ គ.ស.ម.ក. ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ ដូច​តទៅ​៖
“ក្នុងអំឡុងពេលនៃស្ថានភាពជម្លោះនេះ គ.ស.ម.ក. ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដោយបានអនុវត្តតួនាទីក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយបានចេញលិខិត ញ្ញត្តិប្តឹងតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតផ្សេងៗសរុបចំនួន ៦០​ ឯកសារ ទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ អន្តរជាតិ និងអង្គការសហប្រជាជាតិ។ សកម្មភាពទាំងនេះមានគោលបំណងបញ្ជាក់ និងថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស ជាអាទិ៍៖
– សកម្មភាពឈ្លានពានជាបន្តបន្ទាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ប្រឆាំងនឹងកម្ពុជា
– ការវាយប្រហារខុសច្បាប់ជាបន្តបន្ទាប់ដោយមិនរើសគោលដៅ របស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងជនស៊ីវិល និងវត្ថុស៊ីវិលកម្ពុជា
– ការឃុំឃាំងទាហានកម្ពុជា១៨រូប ខុសច្បាប់ពីសំណាក់យោធាថៃ
– ការរាយបន្លាលួសព័ទ្ធផ្ទះប្រជាជន និងដីស្រែចម្ការនៅតាមតំបន់ព្រំដែន
– ការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការបៀតបៀនផ្លូវចិត្ត ការគំរាមកំហែង និងការយាយី
– សកម្មភាពរំលោភបំពានសិទ្ធិមនុស្សផ្សេងៗទៀត។
ជាមួយគ្នានេះផងដែរ គ.ស.ម.ក. បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដើម្បីគាំទ្រជនរងគ្រោះ និងជនភៀសសឹក ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ តាមរយៈការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញស្ថានភាពពិត និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃជម្លោះលើសិទ្ធិមនុស្ស។
តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ គ.ស.ម.ក. បានទទួលលទ្ធផលវិជ្ជមានពីស្ថាប័នអន្តរជាតិ និងភាគីពាក់ព័ន្ធ រួមមានការឆ្លើយតបចំពោះញ្ញត្តិប្តឹង ការអនុញ្ញាតឱ្យអង្គការអន្តរជាតិចូលតាមដានស្ថានភាព និងការលើកឡើងពីការព្រួយបារម្ភចំពោះការវាយប្រហារលើជនស៊ីវិល និងបេតិកភណ្ឌវប្បធម៌។
លើសពីនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធាន គ.ស.ម.ក. បានចូលរួមសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយបានជួបទ្វេភាគីសរុបចំនួន ២៩ ជំនួប និងបង្ហាញអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយអំពើឈ្លានពាន។ គណៈប្រតិភូកម្ពុជាក៏បានលើកសំណើសំខាន់ៗ ដើម្បីបញ្ឈប់អំពើឈ្លានពាន អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ជាចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាព និងគោរពច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង