ឯកឧត្ដម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីដាក់ប្រអប់បណ្តឹង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅមណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌលអប់រំកែប្រែទី២(ម២) និងពន្ធនាគាររាជធានីភ្នំពេញ(PJ) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ.ស.ម.ក. និងក្រុមមេធាវីសិទ្ធិមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងការរៀបចំប្រអប់បណ្តឹងនេះនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារ ក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ តាមរយៈ ប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួន ដាក់ជូន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យ អង្កេត និងដោះស្រាយ។
ការដាក់ប្រអប់បណ្ដឹងចំនួន៣ទីតាំងខាងលើនេះ គឺជាចំណុចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់ គ.ស.ម.ក. នៅគ្រប់បណ្តាពន្ធនាគារទូទាំង រាជធានី-ខេត្ត។
នៅក្នុងពិធីនេះឯកឧត្តម ក៍បាននាំយកនូវសម្ភារៈមួយចំនួន ដូចជា ថ្នាំពេទ្យ ដែលជាការឧបត្ថម្ភ ពីឯកឧត្តម ជា ចំណាន ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ម៉ាស អាល់កុល ថ្នាំដុសធ្មេញ ថ្រាសដុសធ្មេញ និងសម្ភារៈផ្សេងៗទៀត ជូនដល់មណ្ឌលអប់រំកែប្រែទី១(ម១) ផងដែរ៕