ឯកឧត្តម កែវ រ៉េមី ចុះសួរសុខទុក្ខ ឧបត្ថម្ភ គាំទ្រ ដល់អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយក នូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា និងថវិកា ដើម្បីជាទឹកចិត្តនិងជាការរួមចំណែក ជួយឧបត្ថម្ភគាំទ្រដល់កុមារដែលកំពុងស្នាក់នៅនិងសិក្សា នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា។
នេះជាដំណើរចុះទស្សនកិច្ចលើកទី១០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គការការ អភិវឌ្ឍន៍កុមារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមានបេសកកម្មក្នុងការជួយចិញ្ចឹមបីបាច់ និងផ្ដល់ការ អប់រំសិក្សាដល់កុមារកំព្រានិងទីទ័លក្រនៅកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមទំនាក់ ទំនងជាមួយអង្គការនេះ ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដើរតួនាទីក្នុងការសម្របសម្រួលជាមួយប្រធានមណ្ឌលអប់រំកែប្រែទី២(ម២) និងប្រធានអង្គការការអភិវឌ្ឍន៍ កុមារកម្ពុជា ដើម្បីយកកុមារតាមម្ដាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ទៅចិញ្ចឹម និងផ្ដល់ការ រៀនសូត្រនៅក្នុងអង្គការ។
កន្លងមក អង្គការការអភិវឌ្ឍន៍កុមារកម្ពុជាតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលយកជាបន្តបន្ទាប់នូវកុមារតាមម្ដាយដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ឬ មណ្ឌលអប់រំកែប្រែ ដើម្បីចិញ្ចឹមបីបាច់ថែរក្សានិងផ្តល់ការអប់រំរៀនសូត។
សកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក ប្រទេសសូមជួយឧបត្ថម្ភគាំទ្រអង្គការនេះ ដើម្បីបន្តជួយដល់កុមារជួបការលំបាកនៅកម្ពុជា។ ទំនាក់ទំនងឧបត្ថម្ភ តាមរយៈ លោកស្រី ឈូក សីហា នាយិកាប្រតិបត្តិអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា (+៨៥៥)១២ ២៥៩ ៦៥១៕