លោកជំទាវ អ៊ុច និពន្ធ បានទទួលជួប លោកស្រី ម៉ាក់ ម៉ូនីកា
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ អ៊ុច និពន្ធ សមាជិក និងជាអគ្គនាយករដ្ឋបាល និងបណ្តឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិ អង្គការជនពិការកម្ពុជា ដើម្បីពិភាក្សានិងស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព។
ក្នុងកិច្ចជំនួបនេះផងដែរ លោកស្រីនាយិកាប្រតិបត្តអង្គការជនពិការកម្ពុជាបានលើកឡើងពីគោលបំណងដែលរួមមាន (១). ការចែករំលែកនិងផ្សព្វផ្សាយពីផែនការមេអាស៊ាន២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាព និងផ្សព្វផ្សាយការយល់ដឹងសិទ្ធិជនមានពិការភាព និងសេវាសុខភាពឥតគិតថ្លៃសម្រាប់ជនងាយរងគ្រោះ និងជនមានពិការភាព (២). សម្របសម្រួលសកម្មភាពសំខាន់ៗនៅក្នុងផែនការមេអាស៊ាន២០២៥។ លោកស្រីបានបន្ថែមថា អង្គការជនពិការកម្ពុជាមានបំណងស្វែងរកកិច្ចសហការការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាយឆា-កម្ពុជា ក្នុងការអនុវត្តគម្រោងរបស់អង្គការ ជាពិសេសពាក់ព័ន្ធនឹងគម្រោងផ្សព្វផ្សាយនិងបញ្ជ្រាបពីសេវាសុខភាពដលជនមានពិការភាពទូទាំងប្រទេស។
ជាការឆ្លើយតប លោកជំទាវ អ៊ុច និពន្ធសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីនាយិកាក្នុងការធ្វើការងារលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ លោកជំទាវលើកឡើងថា សិទ្ធិមនុស្សគឺមានជាប់ពាក់ព័ន្ធជាអន្តរវិស័យ ហើយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គទូត និងអង្គការសង្គមស៊ីវិលនានា។ រាជរដ្ឋា ភិបាលមានការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព និងផែនការសកម្មភាពផ្សេងៗទៀត។ លោកជំទាវបានជម្រាបជូនថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រីករាយទទួលស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិពីអង្គការសង្គមស៊ីវិលនានា ក៏ដូចជាអង្គការជនពិការកម្ពុជា ដើម្បីជំរុញឱ្យការលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិជនមានពិការភាពនៅកម្ពុជាបានកាន់តែប្រសើរ៕