គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ»
នៅថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ» ក្រោមអធិបតីភាព លោកជំទាវ អ៊ុច និពន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជាប្រារព្ធអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” សំដៅរំលេចអំពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានឱ្យស្ត្រី និងគ្រួសាររស់នៅដោយសុខសាន្ត សុខុមាលភាព និងសុភមង្គល។ ទន្ទឹមនេះ ក៏បង្ហាញផងដែរ នូវតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងស្ថិរភាព ហើយអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ ដើម្បីការពារនិងលុបបំបាត់ឧបសគ្គដែលប៉ះពាល់អវិជ្ជមានដល់ស្ត្រី និងគ្រួសារ។
នៅក្នុងឱកាសនេះ លោកជំទាវបានលើកឡើងនូវគុណបំណាច់របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញតាមរយៈនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងការគិតគូរយកចិត្តទុកដាក់ក្នុងការជំរុញលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅគ្រប់កម្រិត ដោយបានដាក់បញ្ចូលទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ដែលនាំឲ្យមានការបង្កើតនិងការអនុវត្តគោលនយោបាយសមភាពភេទ និងលើកស្ទួយស្ត្រី ដើម្បីធានាការចូលរួមស្មើភាពរបស់ស្រ្តីក្នុងគ្រប់វិស័យជាតិនិងសង្គម។ បន្តពីនេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តវិនិយោគលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ដោយបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅពង្រឹងភាពជាពលរដ្ឋរស់នៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល” តាមរយៈការផ្ដោតសំខាន់លើការអភិវឌ្ឍអភិបាលកិច្ចល្អ និងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីទាញយកភាគលាភប្រជាសាស្ត្រ និងយេនឌ័រ ព្រមទាំងលើកកម្ពស់ការការពារសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីគ្រប់រូប។
ទន្ទឹមនេះ លោកជំទាវ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក្នុងការលើកកម្ពស់ការចូលរួមនិងតួនាទីរបស់ស្រ្តីក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ គ.ស.ម.ក. ព្រមទាំងជំរុញការអនុវត្តនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការអប់រំច្បាប់ពាក់ព័ន្ធនឹងសិទ្ធិនារី និងការមិនរើសអើង ដើម្បីបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ និងការការពារពីអំពើហិង្សាលើស្ត្រី។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការការពារសិទ្ធិនារី និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសង្គម ព្រមទាំងយកចិត្តទុកដាក់លើបញ្ហាសង្គមមួយចំនួន ដូចជា កូនតាមម្ដាយនៅពន្ធនាគារ ការទទួលបណ្ដឹង ការជួយជនភៀសសឹក និងវីរកងទ័ព និងការដាក់បណ្ដឹងទៅយន្តការសិទ្ធិមនុស្សតំបន់ និងអង្គការសហប្រជាជាតិ។
ជាចុងក្រោយ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យបន្តគាំទ្រ និងលើកកម្ពស់ការកសាងសមត្ថភាព និងការចូលរួមយ៉ាងពេញលេញរបស់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍសង្គមជាតិ និងការពារសិទ្ធិស្ត្រី។ ការចូលរួមយ៉ាងសកម្មរបស់ស្ត្រីជាគន្លឹះសំខាន់សម្រាប់ការលើកកម្ពស់សមភាព យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះគួរតែបន្តបង្កើនឱកាស សមត្ថភាព និងបរិយាកាសល្អ ដើម្បីឱ្យស្ត្រីអាចចូលរួម និងបញ្ចេញសំឡេងបានយ៉ាងមានប្រសិទ្ធភាព។













