ឯកឧត្តម​ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី អញ្ជើញ​ជា​អធិបតី នៅ​ក្នុងពិធីបើកសិក្ខា​សាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”

ឯកឧត្តម​ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី អញ្ជើញ​ជា​អធិបតី នៅ​ក្នុងពិធីបើកសិក្ខា​សាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” ឯកឧត្តម​ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី អញ្ជើញ​ជា​អធិបតី នៅ​ក្នុងពិធីបើកសិក្ខា​សាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកា​សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុបចំនួន ៣៥០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ​ ការបំពេញកាតព្វកិច្ចអន្តរជាតិជាសមាជិកអង្គការសហប្រជាជាតិ ការបង្កើនការយល់ដឹងដល់អង្គភាពថ្នាក់ក្រោមជាតិ និងការជំរុញការចូលរួមរបស់ពួកគេក្នុងការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយ។ ពាក់ព័ន្ធនឹងលម្ហពលរដ្ឋ និងលម្ហនយោបាយ​នៅកម្ពុជាមានភាពទូលំទូលាយ ដែលអាចនិយាយបានថា​ជាឋានសួគ៌នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល​ និងសហជីព ព្រមទាំងបណ្តាញសារព័ត៌មាន​និងបណ្តាញសង្គមក៏មានលក្ខណៈសម្បូរបែបនិងដំណើរការដោយសេរី។ បន្ថែមពីនេះទៀត មានគណៈបក្សនយោបាយ​ជាច្រើន​បានចូលរួមចុះបញ្ជីនិងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ព្រមទាំងអាចធ្វើសកម្មភាពនយោបាយ​តាមច្បាប់ដោយគ្មានការរិតត្បិត។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ផងដែរ ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយការដាក់ពាក្យបណ្តឹងតវ៉ា ៦០ច្បាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអាស៊ាន និងយន្តការ​អន្តរជាតិនានា ការដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងការចុះសួរសុខទុក្ខកងទ័ពនិងជនភៀសសឹកចំនួន ១០លើក ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ហើយរាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។
ស្របពេលជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរនិង​វាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ​អភិបាលខេត្តពោធិ៍សាត់ ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា “ខេត្តគំរូ” ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដោយបានសង្កត់ធ្ងន់ថា “ខេត្តពោធិ៍សាត់ដែលគ្មានសំរាមតាមដងផ្លូវ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ គឺជាការលើកកម្ពស់សិទ្ធិរស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ”។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានអនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការទូទាំងខេត្តឱ្យបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងគ្មានការរើសអើង ដើម្បីធានាការទទួលបានសេវាសាធារណៈស្មើភាពគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីមូលដ្ឋានផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងបរិបទសង្គមខ្មែរ ព្រមទាំងចងចាំថា សន្តិភាពគឺជាមូលដ្ឋានសម្រាប់សិទ្ធិមនុស្ស។ ជាមួយគ្នានេះ មន្ត្រីគ្រប់រូបត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ចុះដល់មូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយ​របាយការណ៍ ICCPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕

អត្ថបទទាក់ទង