លោកជំទាវ ឡុង សូនីតា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA) សម្រាប់សេចក្តីប្រកាសអាស៊ាន ស្តីពីបរិស្ថានស្អាត សុវត្តិភាព និងចីរភាព
លោកជំទាវ ឡុង សូនីតា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA) សម្រាប់សេចក្តីប្រកាសអាស៊ាន ស្តីពីបរិស្ថានស្អាត សុវត្តិភាព និងចីរភាព
ភ្នំពេញ៖ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គ.ស.ម.ក. និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA) សម្រាប់សេចក្តីប្រកាសអាស៊ាន ស្តីពីបរិស្ថានស្អាត សុវត្តិភាព និងចីរភាព» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងថា សិទ្ធិមនុស្ស និងបរិស្ថាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមិនអាចបំបែកចេញពីគ្នាបានឡើយ។ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការបាត់បង់ព្រៃឈើ ជីវចម្រុះ និងការរិចរិលធនធានធម្មជាតិ កំពុងប៉ះពាល់ដោយផ្ទាល់ដល់ជីវិត និងសុខុមាលភាពរបស់ប្រជាជន។
លោកជំទាវបានបញ្ជាក់ថា ការការពារបរិស្ថាន គឺជាផ្នែកមួយនៃការការពារសិទ្ធិមនុស្ស ដោយប្រជាពលរដ្ឋគ្រប់រូបគួរតែមានសិទ្ធិរស់នៅក្នុងបរិស្ថានដែលស្អាត មានសុវត្ថិភាព មានសុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបរិស្ថាន និងជីវិតរបស់ពួកគេ។
លោកជំទាវក៏បានគូសបញ្ជាក់ថា ការថែរក្សាបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់ភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប។ សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល និងតំណាងក្រុមងាយរងគ្រោះ ដើម្បីផ្តល់ធាតុចូលសម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់តំបន់របស់អាស៊ាន។
ធាតុចូលសំខាន់ៗដែលត្រូវបានលើកឡើង រួមមាន៖ ការទទួលបានព័ត៌មានបរិស្ថានដែលត្រឹមត្រូវ និងទាន់ពេលវេលា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ការទទួលបានយុត្តិធម៌ និងយន្តការដោះស្រាយបញ្ហា ការការពារអ្នកការពារសិទ្ធិបរិស្ថាន និងការធានាឱ្យក្រុមងាយរងគ្រោះអាចចូលរួមបានដោយស្មើភាព។
លោកជំទាវបានបង្ហាញក្តីរំពឹងថា លទ្ធផលនៃសិក្ខាសាលានេះនឹងក្លាយជាធាតុចូលដ៏មានប្រយោជន៍សម្រាប់ ផែនការសកម្មភាពថ្នាក់តំបន់ (RPA) និងដំណើរការរបស់អាស៊ាននាពេលខាងមុខ។
លោកជំទាវបានសង្កត់ធ្ងន់ថា៖ « បរិស្ថានមានសុវត្ថិភាព ជាមូលដ្ឋានសម្រាប់ជីវិតដែលមានសេចក្តីថ្លៃថ្នូរ បរិស្ថានមាននិរន្តភាព ជាទំនួលខុសត្រូវរបស់យើងសម្រាប់ធនធានមនុស្សជំនាន់ក្រោយ
ការចូលរួមរបស់យើងទាំងអស់គ្នា ជាគន្លឹះដើម្បីធានាថាសិទ្ធិទាំងនេះនឹងក្លាយជាការពិតបាន»។








