លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) បានចូលរួមថ្លែងសុន្ទរកថាបើក កិច្ចពិគ្រោះយោបល់របស់ AICHR ស្តីពីសិទ្ធិមនុស្ស និងការប្រឆាំង ការជួញដូរមនុស្សក្នុងតំបន់អាស៊ាន
នៅព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឡុង សូនីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) បានចូលរួមថ្លែងសុន្ទរកថាបើក កិច្ចពិគ្រោះយោបល់របស់ AICHR ស្តីពីសិទ្ធិមនុស្ស និងការប្រឆាំង ការជួញដូរមនុស្សក្នុងតំបន់អាស៊ាន ដែលសហការរៀបចំដោយតំណាង ប្រទេសឥណ្ឌូនេស៊ីប្រចាំអាយឆា និងតំណាងប្រទេសម៉ាឡេស៊ី ប្រចាំអាយឆា ដោយមានការគាំទ្រពី អាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ASEAN–Australia Counter Trafficking ) ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ រយៈពេលពីរថ្ងៃ។
កិច្ចពិគ្រោះយោបល់នេះធ្វើឡើងដើម្បី៖
– ចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ បញ្ហាប្រឈម និង វិធានការដោះស្រាយការជួញដូរមនុស្សនៅពេលខាងមុខ ក្នុងចំណោមក្រុមការងារថ្នាក់ជាតិ លើការប្រឆាំងការជួញដូរមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ាន
– ធ្វើបច្ចុប្បន្នភាពលើវិធានការថ្នាក់តំបន់ចំពោះការដោះស្រាយបញ្ហា ជួញដូរមនុស្សក្នុងតំបន់អាស៊ាន
– ធ្វើបច្ចុប្បន្នភាពពីភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ាន លើវិធានការដោះស្រាយបញ្ហាជួញដូរមនុស្ស
ក្នុងសុន្ទរកថាបើកនេះផងដែរ លោកជំទាវ ឡុង សូនីតា បានលើកឡើងពីសារៈសំខាន់ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ដែលជាវេទិកាមួួយក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ បញ្ហាប្រឈម និងទិសដៅទៅថ្ងៃអនាគត ក្នុងចំណោម ក្រុមការងារថ្នាក់ជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន និងសិទ្ធិទទួលបាន ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ជនរងគ្រោះ និងសម្រេចបាននូវការរអនុវត្តសម្រាប់ការការពារ និងការលើកកម្ពស់ សិទ្ធិមនុស្សនៅក្នុងតំបន់ស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។