គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។
នៅថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃ ស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។
សិក្ខាសាលាថ្នាក់តំបន់នេះ មានការអញ្ជើញចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា និង ក្រសួង ស្ថាប័ននៃរាជរដ្ឋភិបាល និងមានវាគ្មិនអញ្ជើញចូលរួមពីស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសម៉ាឡេស៊ី ហ្វ៊ីលីពីន និងឥណ្ឌូណេស៊ី និងតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF) ផងដែរ។
ការរៀបចំឱ្យមានសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនានា ទៅលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដើម្បីឱ្យច្បាប់នេះមានលក្ខណៈ គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអនុលោមតាមគោលការណ៍ទីក្រុងប៉ារីសស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស។ សិក្ខាសាលានេះក៏ជាវេទិកានៃការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍នៅថ្នាក់តំបន់ ពីតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ និងតំណាងស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។
គួររំលឹកផងដែរថា នេះជាសិក្ខាសាលាថ្នាក់តំបន់លើកទី២ បន្ទាប់ពីសិក្ខាសាលាថ្នាក់តំបន់លើកទី១ ត្រូវបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ លើប្រធានបទពាក់ព័ន្ធការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនៅកម្ពុជា ដែលរៀបចំឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្ត និងបញ្ហាប្រឈមមួយចំនួន ដោយវាគ្មិនដែលជាតំណាងមកពីស្ថាប័នជាតិសិទ្ធិមនុស្សនៃបណ្ដាប្រទេសក្នុងតំបន់ ក្នុងដំណើរការនៃការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិសិទ្ធិមនុស្សនៃបណ្ដាប្រទេសទាំងនោះ ដើម្បីជាការសិក្សារៀនសូត្ររបស់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃដំណើរឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សមួយដែលឯករាជ្យ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។