លោកជំទាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា នៅសាលប្រជុំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានអាយឆា-កម្ពុជា នៅសាលប្រជុំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យឡើងវិញអំពីដំណើរការ នៃការរៀបចំ បទពិសោធន៍ បញ្ហាប្រឈម លទ្ធផល និងឧត្តម្មានុវត្តន៍ ដែលទទួលបានពីកិច្ចប្រជុំពិសេស លើកទី២ឆ្នាំ២០២២របស់អាយឆា ការរៀបចំ អបអរសាទរ ខួប ១០ឆ្នាំ នៃ សេចក្តី ប្រកាសសិទ្ធិមនុស្សអាស៊ាននិងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្តី ប្រកាស សិទ្ធិ មនុស្ស អាស៊ាន ការរៀបចំ កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រពឹត្តទៅកាលពីថ្ងៃទី ១៥-១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។ កិច្ច ប្រជុំ ក៏បានពិភាក្សាពីការត្រៀមលក្ខណៈរៀបចំកម្មវិធីចំនួនពីរទៀតរបស់អាយឆា-កម្ពុជា នៅឆ្នាំ២០២៣ ដែលកម្មវិធីទាំងពីរនោះបានទទួលការអនុម័តយល់ព្រមដាក់បញ្ចូលនៅក្នុងកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣ រួមមាន ការតស៊ូមតិរបស់យុវជនអាស៊ានស្ដីពីសិទ្ធិមនុស្ស (ASEAN Youth Debate On Human Right) និង កិច្ចសន្ទនាថ្នាក់តំបន់: ការចែករំលែកបទពិសោធន៍ល្អស្ដីពីការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលនៃជំងឺឆ្លងកូវីដ-១៩នៅក្នុងតំបន់អាស៊ាន (Regional Dialogue: Sharing Good Practices on Enhancing Human Rights during the COVID-19 Pandemic in ASEAN) ។