ឯកឧត្តម អ៊ិត រ៉ាឌីដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយ លោក Benjamin Moreau តំណាងរងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា (OHCHR)
នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ មេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយ លោក Benjamin Moreau តំណាងរងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា (OHCHR) ព្រមទាំងក្រុមការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖
១. ការត្រៀមរៀបចំសិក្ខាសាលាបន្តស្តីពីការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ដោយប្រធានបទដែលត្រូវពិភាក្សាគឺពាក់ព័ន្ធនឹងសិទ្ធិស្រ្តីនិងសមភាពយេនឌ័រ។ សិក្ខាសាលានេះគ្រោងនឹងរៀបចំនៅអំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
២. គ.ស.ម.ក. និង OHCHR ក៏បានពិភាក្សាចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ក៏ដូចជាសេចក្តីសង្កេតសន្និដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាទើបតែបានបញ្ចប់ការការពាររបាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ កាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកន្លងទៅនេះ។
៣. គ.ស.ម.ក. ក៏បានលើកគម្រោងពីការចុះផ្សព្វផ្សាយសេចក្តីសង្កេតសន្និដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយតាមបណ្តាខេត្តផងដែរ ដែលចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ គ.ស.ម.ក. ស្វាគមន៍ OHCHR ដែលមានបំណងសហការគាំទ្រលើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ។
៤. OHCHR ក៏មានបំណងសហការផងដែរក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលលើរបាយការណ៍ពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ដែលនឹងគ្រោងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
៥. OHCHR បានរៀបចំនូវបទដ្ឋាននៃនីតិវិធីប្រតិបត្តិការ (Standard of Operation Procedures—SOP) ក្នុងការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមន្ទីរឃុំឃាំងនានា ដោយ OHCHR នឹងចែករំលែកឯកសារនេះដល់ គ.ស.ម.ក. ក្នុងផ្តល់មតិយោបល់ និងធាតុចូលផ្សេងៗផងដែរ។