ឯកឧត្តម កែវ រ៉េមី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ទីប្រឹក្សាអម មេធាវីសិទ្ធិមនុស្ស និងមន្រី្តរាជការ ទាំងអស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចប្រជុំ ផ្ទៃក្នុង នេះ ធ្វើឡើងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ របស់គណៈកម្មាធិកា រសិទ្ធិមនុ ស្សកម្ពុជា ដោយផ្ដោតសំខាន់លើ:
១. ការរៀបចំសេចក្ដីព្រាងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
២. ការបង្កើតកម្មវិធីទូរស័ព្ទដៃរបស់ គ.ស.ម.ក.
កិច្ចប្រជុំបានរាយការណ៍ ពីវឌ្ឍនភាពនៃដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ សិទ្ធិ មនុស្ស កម្ពុជា។ សេចក្ដី ព្រាង ទី១នៃច្បាប់ នេះ បានរៀបចំរួចរាល់កាលពីដើមឆ្នាំ២០២១ និងបានដាក់ពិគ្រោះយោបល់ជាសាធារណៈ ព្រមទាំង ពិគ្រោះ យោបល់ ជាមួយគ្រប់ភាគី ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់តំបន់ ផងដែរ ។ បច្ចុប្បន្ន សេចក្តី ព្រាង ច្បាប់ នេះ បានរៀបចំបញ្ចប់សព្វគ្រប់ ហើយនឹង ផ្ញើជូន ទៅ ទីស្ដីការ គណៈរដ្ឋ មន្ត្រី ក្នុង ពេល ឆាប់ ៗនេះ។
ទន្ទឹមនឹងនោះដែរ កិច្ចប្រជុំក៍បានបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលទើបតែបង្កើតបាននូវកម្មវិធីទូរស័ព្ទដៃ (CHRC App) សម្រាប់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន នានា និងអាចភ្ជាប់ទំនាក់ទំនងមកកាន់គ.ស.ម.ក.កាន់តែឆាប់រហ័ស ដែលតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ បងប្អូន ប្រជា ពលរដ្ឋ អាចផ្ញើជាសំណួរ សំណូមពរ ឬកង្វល់ ផ្សេង ៗ។ ជាពិសេស តាមរយៈ កម្មវិធី ទូរស័ព្ទ ដៃនេះ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្ដឹងមកគ.ស.ម.ក. អំពីករណីរំលោភបំពានសិទ្ធិមនុស្សនានា ដោយមិនចាំបាច់មកដល់ទីតាំង គ.ស.ម.ក. ឡើយ។