លោកជំទាវ ឡុង សូនីតា បានចូលរួម “កិច្ចសន្ទនារវាងកម្ពុជា និងជប៉ុន ស្តីពីសិទ្ធិមនុស្សលើកទី១២”
លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួម “កិច្ចសន្ទនារវាងកម្ពុជា និងជប៉ុន ស្តីពីសិទ្ធិមនុស្សលើកទី១២” ដែលប្រព្រឹត្តិទៅនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃអង្គារ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម HASHIMOTO Naofumi ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ចសន្ទនានេះ ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចសន្ទនាបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៃប្រទេសទាំងពីរ ដោយបានពិភាក្សាស៊ីជម្រៅលើប្រធានបទ ចំនួន៦ មានជាអាទិ៍៖
១. ការបោះឆ្នោតដោយសេរី និងយុត្តិធម៌
២.សេរីភាពបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
៣.សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន
៤.កំណែទម្រង់ច្បាប់ និងតុលាការ ព្រមទាំងកម្មវិធីជំនួយផ្នែកច្បាប់
៥. ការការពារសិទ្ធិជនងាយរងគ្រោះ (ស្រ្តី កុមារ ជនមានពិការភាព និងក្រុមស្រឡាញ់ភេទដូចគ្នា)
៦. គំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព និងជំនួយមនុស្សធម៌ផ្សេងទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោកជំទាវ ឡុង សូនីតា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើបទអន្តរាគមន៍លើប្រធានបទស្ដីពី៖ (១)សេរីភាពបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម (២)ការការពារសិទ្ធិជនងាយរងគ្រោះ និង(៣) កិច្ចសហប្រតិបត្តិការនៅក្នុងវេទិការអន្តរជាតិ រួមទាំងក្រុមប្រឹក្សានៃសិទ្ធិមនុស្ស។
នៅក្នុងកិច្ចសន្ទនារវាងកម្ពុជានិងជប៉ុនស្តីពីសិទ្ធិមនុស្សលើកទី១២នេះ ភាគីទាំងពីរបានផ្តោតលើការវិវត្ត កិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព សមិទ្ធផល ការប្រឈម និងវិធានការជាបន្តរបស់ភាគីកម្ពុជា និងជប៉ុន ទៅលើប្រធានបទនីមួយៗដែលបានលើកឡើងខាងលើ៕