ឯកឧត្តម កែវ រ៉េមី អញ្ជើញ​ជា​អធិបតី ក្នុងការដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ “ផ្សារសមាគមខ្មែរ”

ឯកឧត្តម កែវ រ៉េមី អញ្ជើញ​ជា​អធិបតី ក្នុងការដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ “ផ្សារសមាគមខ្មែរ” ឯកឧត្តម កែវ រ៉េមី អញ្ជើញ​ជា​អធិបតី ក្នុងការដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ “ផ្សារសមាគមខ្មែរ”
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ “ផ្សារសមាគមខ្មែរ” នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កម្មវិធីបានប្រព្រឹត្តទៅនៅផ្សារសុរិយាសេនធ័រ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា ព្រមទាំង លោក លោកស្រី នាងកញ្ញា អាជីវករ សិប្បករ ផលិតករ សេវាករដែលជាសមាជិក សមាជិការបស់សមាគមអភិវឌ្ឍន៍សង្គមខ្មែរ។
នៅក្នុងឱកាសនោះឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរបានមានប្រសាសន៍លើកឡើងថា សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៩ នៅក្នុងកាលៈទេសៈដែល ប្រទេសជាតិទើបតែបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ក្រោមការដឹកនាំអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសជាតិនៅជួបការលំបាកស្ទើរគ្រប់វិស័យ នៅពេលនោះ ទាំងរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែងអស់ កម្លាំងកាយ ចិត្ត និងស្មារតីចូលរួមកសាងប្រទេសជាតិ និងគ្រួសារនីមួយៗឱ្យចាកផុតពីភាពក្រីក្រ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសង្គមជាតិ យុវជនមួយក្រុមដែលសុទ្ធសឹងតែចេញពីប្រភពបណ្តុះបណ្តាលជំនាញដូចគ្នា ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ពីមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បឹងត្របែក (នៅពេលនោះ) បានសម្រេចចិត្តរួមគ្នាបង្កើត សមាគមមួយដែលមានឈ្មោះថា “សមាគមអភិវឌ្ឍន៍សង្គមខ្មែរ”។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ សមាគមបានចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោងការងាររបស់ខ្លួនបន្តដែលមានឈ្មោះថា “គម្រោងគាំទ្រសហគ្រិន និងផលិតផលខ្មែរ”។ គម្រោងនេះ មានគោលបំណងកៀរគរកសិករនៅតាមសហគមន៍ (ដូចជាសហគមន៍អ្នកដាំដុះបន្លែផ្លែឈើ សហគមន៍អ្នកចិញ្ចឹមសត្វ សហ គមន៍អ្នកកែច្នៃ) សិប្បករ អាជីវករ សេវាករ មានរហូតដល់ចំនួន ១០៣ នាក់ រួមសហការគ្នាក្នុងស្មារតីសាមគ្គី ភាពជាធ្លុងមួយពុះពារការលំបាក់និងបញ្ហាប្រឈមទាំងចំណេះជំនាញ ទុន និងបទពិសោធន៍ ដើម្បីតស៊ូជំនះ គ្រប់ឧបសគ្គ ។
ឯកឧត្តម កែវ រ៉េមីទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបជួយគាំទ្រដល់ផលិតផលខ្មែរ នាំគ្នាលើកស្ទួយប្រើប្រាស់ និងជួយទិញផលិតផលខ្មែរដែលកើតឡើងដោយខ្មែរ សំដៅពង្រឹង និងបង្កើនចំណូលគ្រួសារ ការបង្កើតការងារ ធ្វើនៅនឹងកន្លែង និងការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជនខ្មែរ ក៏ដូចជាការរួមចំណែកក្នុងការ ពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ៕

អត្ថបទទាក់ទង