កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមការងារ អន្តរក្រសួងដឹកនាំសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ ដែល មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តី ព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា។
គួរកត់សម្គាល់ផងដែរថា ឯកសារគោលរួមនេះ ជាឯកសារគោលមួយដែលក្ដោបនូវព័ត៌មាន ទូទៅចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ហើយដែលបង្កើតបានជាផ្នែកដំបូងទូទៅនៃរបាយការណ៍ ទាំងអស់សម្រាប់ដាក់ជូនស្ថាប័ននៃសន្ធិសញ្ញានានា ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។ ឯកសារគោលរួមជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ កម្ពុជាបាន ដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩៧ ហើយការរៀបចំធ្វើជាថ្មី នូវឯកសារគោលរួមនេះតបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើបច្ចុប្បន្នភាព ព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ដោយឯកសារនេះបានផ្ដោតលើបីចំណុចសំខាន់ៗ មានជាអាទិ៍ (១).ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រសេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តិរបស់រដ្ឋ (២),ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិ មនុស្ស និង (៣).ការមិនរើសរើងនិងការដោះស្រាយ។
នៅក្នុងដំណើរការនៃកិច្ចប្រជុំអន្តរក្រសួងនេះ តំណាងក្រសួង ស្ថាប័នទាំងអស់បានយកចិត្ត ទុកដាក់ពិនិត្យយ៉ាងល្អិតល្អន់លើគ្រប់ចំណុចដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានាថារាល់ព័ត៌មានដែលបានដាក់បញ្ចូលក្នុងឯកសារគោលរួមនេះ ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមវិស័យនីមួយៗ ជាពិសេសទិន្នន័យដែលជាតួលេខ។
បន្ទាប់ពីកែសម្រួលបានជាសេចក្តីព្រាងចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹង គោរពស្នើសុំសេចក្ដីសម្រេចយល់ព្រមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើឯកសារគោលរួមរបស់ព្រះរាជាណាចក្រ កម្ពុជានេះ រួចធ្វើការបញ្ចូនទៅអង្គការសហប្រជាជាតិ តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ដើម្បីចែករំលែកទៅដល់រាល់អង្គភាពសន្ធិសញ្ញានានាដែលកម្ពុជាបានចូលជារដ្ឋភាគី៕