ពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

រាជធានីភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ សម្រាប់កម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំឡើងនៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការរៀបចំដោយ ការិយា ល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (OHCHR) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី អ្នកស្រី Barbara Lochbihler សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា គអង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់មួយចំនួន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា សិក្ខាសាលាគោលបំណង៣ គឺ ទី(១). លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពីការការ ពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខម និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បី បំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា ទី(២). ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និង ទី(៣). ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិលដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធ សាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ជូនអង្គសិក្ខាសាលាថា កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិក នៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំរបាយការណ៍ជាតិលើកដំបូងស្តីពីការអនុវត្តអនុសញ្ញានេះ និងបានបញ្ជូនទៅគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) នៅខែកក្កដា ឆ្នាំ២០២១។
ឯកឧត្តម បានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាថា ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋរបស់ខ្លួន កម្ពុជាបានផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ រួមទាំងពីធីសារបន្ថែមចំនួន៤ ផងដែរ។ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យផ្សេងៗ ជាបន្តបន្ទាប់ផងដែរតាមការស្នើសុំ។ កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំ និង មិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាសត្យានុម័ត ដូចយើងបាននិងកំពុងឃើញជាក់ស្តែង គ្មានទេការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សនៅក្នុងភ្នក់ភ្លើងសង្គ្រាម សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាដែរ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ បន្ថែមលើនេះ អ្វីដែលយើងគ្រប់គ្នាគួរមានមោទកភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាយើងពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឯកឧត្តម បានបន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយ គ្រប់វិស័យសុទ្ធតែមានការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយបច្ចុប្បន្ន តាមរយៈការមើលឃើញជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវ អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន៖ (១).ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល, (២).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, (៣).ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, (៤).ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, (៥).ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង (៦). ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ។
មុននឹងបញ្ជប់ ឯឧត្តមទេសរដ្ឋមន្រ្តីបានសម្ដែងនូវអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមសិក្ខាសាលានាពេលនេះ ហើយនិងរំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃសិក្ខាសាសាថ្ងៃនេះ៕

អត្ថបទទាក់ទង