ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ជូនមណ្ឌលអប់រំកែប្រែទី២ (ម២)

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ជូនមណ្ឌលអប់រំកែប្រែទី២ (ម២) ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ជូនមណ្ឌលអប់រំកែប្រែទី២ (ម២)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ១ គ្រឿង ម៉ាក Hyundai Starex ជូនមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលជាអំណោយទី៦២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជំនួយជារថយន្តសង្គ្រោះបន្ទាន់លើកទី៦២ មកជូនមណ្ឌលអប់រំកែប្រែទី២នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ» ពោលទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ជំនួយរថយន្តសង្គ្រោះបន្ទាន់នេះ គឺចំគោលដៅ ដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់ ហើយការណ៍នេះជាការលើកស្ទួយនិងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានសេវាសុខភាព សិទ្ធិស្រ្តី និងសិទ្ធិកុមារ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំនៅពន្ធនាគារ ដែលបានចូលរួមក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងកន្លែងឃុំឃាំង ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ មានសួនកម្សាន្ដសម្រាប់កូនតាមម្តាយ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏យកចិត្តទុកដាក់ពីការរស់នៅចំពោះជនជាប់ឃុំជាភេទទីបី ដែលជាការចូលរួមលើកកម្ពស់ និងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកឧញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ចំពោះជំនួយជារថយន្តសង្គ្រោះបន្ទាន់លើកទី៦២ មកជូនមណ្ឌលអប់រំកែប្រែទី២នេះ៕

អត្ថបទទាក់ទង