កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីនូវការគាំទ្រដល់អាយឆា
នៅរសៀល ថ្ងៃអង្គា៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូអាយឆា ចូលប្រជុំ ក្នុងជំនួបប្រចាំឆ្នាំរវាងគណៈកម្មការអន្តរ រដ្ឋាភិបាល អាស៊ានជាមួយរដ្ឋមន្រ្តីការទេសអាស៊ាន ក្នុងអំឡុងពេលនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុង ជំនួប ប្រចាំឆ្នាំ នេះ ឯកឧត្តម កែវ រ៉េមី ក្នុងនាម ប្រធាន អាយឆា បានធ្វើ សេចក្ដី ថ្លែងការណ៍ ដោយ បានជម្រាបជូន រដ្ឋមន្ត្រីការបរទេស អាស៊ានអំពីសមិទ្ធផល និង វឌ្ឍនភាព នៃ សកម្មភាព នានា របស់ អាយឆាឆ្នាំ ២០២២ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្នុង តំបន់អាស៊ាន ព្រមទាំងបានបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់អាយឆាទៅកាន់កិច្ចប្រជុំ ផងដែរ។
កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងជាថ្មីនូវការគាំទ្រដល់អាយឆា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់អាយឆាក្នុងការកសាងសហគមន៍អាស៊ាន។