គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអញ្ជើញចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែស្រាពណ៍ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រុម ការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោកជំទាវ ឆាំ ម៉ារី សមាជិកគ.ស.ម.ក. និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមដំណើរដោយឯកឧត្តម បាន ថេរ៉ូ សមាជិកគ.ស.ម.ក.និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ឯកឧត្តម អ៊ិត សាន សមាជិកគ.ស.ម.ក.និងជាប្រធាននាយកដ្ឋានអប់រំសិទ្ធិមនុស្ស លោក ហេង ស៊ីនេន អនុប្រធាននាយកដ្ឋានអប់រំសិទ្ធិមនុស្ស លោក សាំង ភាព អនុប្រធាននាយដ្ឋានបណ្តឹង លោកស្រី ពៅ ខេមរី អនុប្រធាននាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិ និងលោក វ៉ាន ដាណា មន្ត្រីនៃនាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិនិងអង្គការសហប្រជាជាតិ ដោយមានការសហការពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោកនាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ដល់សិស្សនៅវិទ្យាល័យ ជាស៊ីម សាមគ្គី រាជធានីភ្នំពេញ។
ការចុះអប់រំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សផងដែរ។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យ។