លោកជំទាវ ឡុង សូនីតា ចូលរួមថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ «តស់ចូលរួមសកម្មភាពដើម្បី SDGs»
ភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោកជំទាវ ឡុង សូនីតា អនុប្រធាន គ.ស.ម.ក. បានថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ «តស់ចូលរួមសកម្មភាពដើម្បី SDGs» ដែលមានវត្តមានចូលរួមពី លោក Nagase Kensuke ភារធារីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Sandra Bernklau តំណាង UNFPA Cambodia និងលោក Endo Fumihiko នាយកគ្រប់គ្រង AEON Mall (Cambodia) Co. Ltd. និងភ្ញៀវកិត្តិយសពីតំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នអប់រំ សង្គមស៊ីវិល និងវិស័យឯកជន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះ គឺជាព្រឹត្តិការណ៍លើកទី៣ ក្រោមកិច្ចសហការរវាងផ្សារទំនើប អ៊ីអន ម៉ល នៅកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានឆ្លុះបញ្ចាំងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអប់រំ និងកិច្ចសន្ទនាជុំវិញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឡុង សូនីតា បានថ្លែងសុន្ទរកថាបើក ដោយគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបន្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួន ដែលស្របតាមរបៀបវារៈគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ក្រោមស្មារតី “មិនទុកនរណាម្នាក់ចោលឡើយ”។ ការណ៍នេះ បានរំលេចពីការលើកកម្ពស់សិទ្ធិមនុស្ស និងការកសាងសមភាពកាលានុវត្តភាពសម្រាប់ប្រជាជន។ ទន្ទឹមនេះ លោកជំទាវបានលើកឡើងពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ រួមមាន (១) ការពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នក្នុងការការពារក្រុមងាយរងគ្រោះ (២) ការបន្តកិច្ចខិតខំក្នុងការបញ្រ្ជាបសិទ្ធិមនុស្សក្នុងគោលនយោបាយអភិវឌ្ឍន៍ (៣) ការបន្តកិច្ចសហប្រតិបត្តិការជាមួយយន្តការអង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សអន្តរជាតិ និង (៤) ការលើកកម្ពស់ការចូលរួមជាសាធារណៈរបស់ក្រុមងាយរងគ្រោះ៕








