លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជាចូលជួបពិភាក្សាការងារ
លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជាចូលជួបពិភាក្សាការងារ
តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោកជំទាវ អ៊ុច និពន្ធ អនុប្រធាន គ.ស.ម.ក. បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា (ROCK) ដឹកនាំដោយ កញ្ញា លី ពិសី ប្រធានសម្របសម្រួលនៃសហគមន៍ ROCK ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ គ.ស.ម.ក.។
កិច្ចជំនួបនេះ មានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងសហគមន៍ ROCK ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ តំណាងអង្គការសហគមន៍ RoCK ក៏បានរាយការណ៍ជូនពីវឌ្ឍនភាពនៃកិច្ចការស្រាវជ្រាវរបស់ខ្លួនស្តីពី “សារៈប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃការទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា” ក៏ដូចជាកាវវិវត្តថ្មីៗពាក់ព័ន្ធនឹងសិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ផងដែរ។
លោកជំទាវ បានលើកឡើងថា ការធ្វើកិច្ចការស្រាវជ្រាវនេះជាគំនិតផ្ដួចផ្ដើមដ៏ល្អ និងជាជំហានដំបូងក្នុងការសិក្សាស្រាវជ្រាវដែលនឹងបង្ហាញទិន្នន័យជាលក្ខណៈវិទ្យាសាស្ត្រអំពីការចូលរួមចំណែកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គមកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះ នឹងចូលរួមក្នុងការផ្លាស់ប្តូរផ្នត់គំនិតពីការរើសអើងនានាចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ហើយគ.ស.ម.ក. នៅតែបន្តគាំទ្រ និងសហការជាមួយសហគមន៍ ROCK ក្នុងការលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា៕







