ក្រុមការងារនាយកដ្ឋានបណ្តឹងអញ្ជើញជួបជាមួយ ឯកឧត្តមប្រធាន សាលាដំបូងខេត្តសៀមរាប
ដោយមានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់មេធាវីរបស់គ.ស.ម.ក.មួយរូបដើម្បីការពារក្តីក្នុងករណីបន្លំយកប្លង់ដីទៅបញ្ចាំរបស់ប្រជាពលរដ្ឋ ភូមិទ្រាំង សង្កាត់ស្កក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅថ្ងៃច័ន្ទ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រុមការងារគ.ស.ម.ក. រួមមាន ឯកឧត្តម ទេព មុនីជាតិ សមាជិកគ.ស.ម.ក. និងជាមេធាវីរបស់គ.ស.ម.ក លោក យឿង ណាន់ អនុប្រធាននាយកដ្ឋានបណ្តឹង និងលោក ទេព បញ្ញា មេធាវីរបស់គ.ស.ម.ក. បានចុះទៅដល់មូលដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជួបជាមួយសាមីបណ្តឹង សាកសួរព័ត៌មានបន្ថែម និងផ្តិតស្នាមមេដៃស្នើសុំពឹងពាក់មេធាវីតំណាងអាណត្តិ ដើម្បីឱ្យមេធាវីមានសិទ្ធិគ្រប់គ្រាន់ និងស្របតាមនីតិវិធីរបស់តុលាការ ក្នុងការការពារកូនក្តីរបស់ខ្លួន។ បន្ទាប់មកក្រុមការងារបានបន្តចុះទៅជួបជាមួយ ឯកឧត្តមប្រធាន សាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដើម្បីពិភាក្សាករណីនេះ ព្រមទាំងបានយកពាក្យស្នើសុំពឹងពាក់មេធាវីនេះទៅដាក់នៅសាលាដំបូងខេត្តសៀមរាប ផងដែរ។