ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តត្បូងឃ្មុំ
នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ខមន្រ្តី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម លឹម រតនៈ សមាជិក គ.ស.ម.ក. បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តត្បូងឃ្មុំ។ ក្រុមការងារ គណៈ កម្មាធិការ សិទ្ធិ មនុស្ស កម្ពុជា បានជួបជាមួយឧត្តមអគ្គានុរក្សលេខ ២ កែ ប៊ុនហួ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ អនុប្រធានពន្ធនាគារ និងប្រធានការិយាល័យជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើលតាមបន្ទប់ឃុំនីមួយៗនៅក្នុងពន្ធនាគារ។
ឆ្លៀតឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន១៣មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសម្រាប់ប្រើប្រាស់ផងដែរ៕











