លោក ខៀវ សំផន នៅតែមានស្ថានភាពសុខភាពល្អប្រសើរ
នៅថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកណ្ដាល ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលជួប លោក ខៀវ សំផន ដើម្បីដឹងពីស្ថានភាពរបស់គាត់ដែលកំពុងរស់នៅក្នុងពន្ធនាគារ។ តាមការឱ្យដឹងពីអ្នកដែលនៅមើលថែទាំគាត់បានប្រាប់ក្រុមការងារថា មួយថ្ងៃៗ លោក ខៀវ សំផន ពិសារបាយបានច្រើន ហើយគាត់អាចរុញរទេះដើរបានធម្មតាដោយខ្លួនគាត់តិចៗ។
ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយក្រុមការងារដឹកនាំដោយ ឯកឧត្ដម ជូ ហេង សមាជិក និងជាអគ្គនាយករង តំណាងលោកជំទាវ ឆាំ ម៉ារី សមាជិកគ. ស.ម.ក. និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស។ គួរបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងឱកាសនោះ ក្រុមការងារក៏បាននាំយកឱសថចំនួន៨មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ។




