លោកជំទាវ ឡុង សូនីតា ចូលរួមថ្លែងសុន្ទរកថាបើក “សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្តល់ព័ត៌មានដល់ការរៀបចំសេចក្តីសង្ខេបគោលនយោបាយស្តីពីការដោះស្រាយភាពងាយរងគ្រោះបែបប្រទាក់ក្រឡានៅក្នុងការជួញដូរមនុស្ស
លោកជំទាវ ឡុង សូនីតា ចូលរួមថ្លែងសុន្ទរកថាបើក “សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្តល់ព័ត៌មានដល់ការរៀបចំសេចក្តីសង្ខេបគោលនយោបាយស្តីពីការដោះស្រាយភាពងាយរងគ្រោះបែបប្រទាក់ក្រឡានៅក្នុងការជួញដូរមនុស្ស
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) លោកជំទាវ ឡុងសូនីតា អនុប្រធាន គ.ស.ម.ក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្តល់ព័ត៌មានដល់ការរៀបចំសេចក្តីសង្ខេបគោលនយោបាយស្តីពីការដោះស្រាយភាពងាយរងគ្រោះបែបប្រទាក់ក្រឡានៅក្នុងការជួញដូរមនុស្ស” នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ។
ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងថា អំពើជួញដូរមនុស្សជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលបន្តប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ត្រី កុមារ និងក្រុមងាយរងគ្រោះ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស តាមរយៈការពង្រឹងក្របខណ្ឌស្ថាប័ន និងក្របខណ្ឌច្បាប់ ព្រមទាំងយន្តការផ្សេងៗ។ ប៉ុន្តែបញ្ហា នេះនៅតែមានភាពស្មុគស្មាញ និងផ្លាស់ប្តូរជានិច្ច ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួមពីគ្រប់ភាគីពាក់ព័ន្ធស្វែងរកនូវដំណោះស្រាយជាបន្តបន្ទាប់។។
លោកជំទាវបានបន្ថែមផងដែរថា គំនិត “ភាពងាយរងគ្រោះបែបប្រទាក់ក្រឡា” បង្ហាញថា មនុស្សម្នាក់អាចរង ហានិភ័យពីកត្តាច្រើនស្រទាប់ក្នុងពេលតែមួយ ដូចជា ភាពក្រីក្រ ភេទ យេនឌ័រ អាយុ កម្រិតអប់រំ ស្ថានភាពពលកម្ម ការធ្វើចំណាកស្រុក ឬការផាត់ចេញពីប្រព័ន្ធការពារសេដ្ឋកិច្ចសង្គម។ កត្តាទាំងនេះមានការប៉ះពាល់គ្នាទៅវិញទៅមក ធ្វើឱ្យភាពងាយរងគ្រោះកាន់តែច្រើន។ ដូច្នេះ គោលនយោបាយត្រូវមានភាពបត់បែន និងឆ្លើយតបតាមតម្រូវការទៅតាមក្រុមងាយរងគ្រោះផ្សេងៗ។
លោកជំទាវក៏បានគូសបញ្ជាក់ផងដែរ ពីការចូលរួមយ៉ាងសកម្មក្នុងក្របខណ្ឌអាស៊ាន ដែលអាស៊ានបានដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការអនុវត្តគោលការណ៍មិនផ្តន្ទាទោស ដើម្បីការពារជនរងគ្រោះនៃការជួញដូរមនុស្ស ដែលមានសារៈសំខាន់ក្នុងការធានាថា ជនរងគ្រោះមិនត្រូវទទួលទោសចំពោះអំពើដែលពួកគេត្រូវបានបង្ខំឱ្យប្រព្រឹត្ត។ ការអនុវត្តគោលការណ៍នេះ និងការសហការរវាងភាគីពាក់ព័ន្ធទាំងអស់ នឹងជួយលើកកម្ពស់សិទ្ធិមនុស្ស និងបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។








