ឯកឧត្ដម បាន ថេរ៉ូ និង ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់ អាយឆា

ដោយមានចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៣ នៅបាងកក ប្រទេសថៃ ឯកឧត្ដម បាន ថេរ៉ូ និង ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់ អាយឆា ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការ Master Plan របស់អាស៊ានឆ្នាំ ២០២៥ ដែលរៀបចំដោយ តំណាងថៃប្រចាំអាយឆា និងឧបត្ថម្ភដោយជំនួយអូស្រ្តាលី និងគណៈកម្មាធិការសិទ្ធិមនុស្សអូស្រ្តាលី។
ការដាក់ឱ្យដំណើរការ Master Plan ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) នៅកម្រិតតំបន់ ដើម្បីបង្កើតសង្គមមួយដែលជនមានពិការភាពមិនត្រូវបានទុកចោល ឬទុកឱ្យនៅដាច់ដោយឡែកពីដំណើរការអភិវឌ្ឍសង្គម ព្រោះពួកគេអាចចូលរួមជាភ្នាក់ងារសកម្មមួយនៅក្នុងដំណើរការអភិវឌ្ឍសង្គមនេះ។ កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់នេះមានគោលបំណងសហការ និងផ្តល់ឱកាសពិគ្រោះយោបល់ក្នុងចំណោមអង្គការជនមានពិការភាព (OPDs) មន្ត្រីអាស៊ាន ទីភ្នាក់ងាររដ្ឋាភិបាលជាតិ ស្ថាប័ន សិទ្ធិមនុស្សជាតិ និងស្ថាប័ននានា ដើម្បីពង្រឹងការអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព៕


