ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្តកោះកុង
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្តកោះកុង
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្តកោះកុង។
=============
ខេត្តកោះកុង៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ លើការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្តកោះកុង។ សិក្ខាសាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង គ.ស.ម.ក. និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈេង សុវណ្ណដា អភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុងរួមទាំងតំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណជាង ២០០នាក់ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខ្លឹមសារនៃរបាយការណ៍ជាតិ និងសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) សម្រាប់អនុវត្ត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ ក្នុងការបញ្រ្ជាបអំពីសមិទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាបង្ហាញពីការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរថា សូមកុំមានការយល់ច្រឡំថាការទៅចូលរួមការពាររបាយការណ៍ជាតិនៅចំពោះមុខគណៈកម្មាធិការនៃសន្ធិសញ្ញាអន្តរជាតិនីមួយៗ ថាកម្ពុជាត្រូវបានគេហៅទៅសួរនាំ ឬដាក់សម្ពាធលើវិស័យសិទ្ធិមនុស្សនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់រដ្ឋនីមួយៗដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ក្នុងការសរសេររបាយការណ៍ ការការពាររបាយការណ៍ និងអនុវត្តទៅតាមវដ្តនៃសន្ធិសញ្ញានីមួយៗ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដោយកម្ពុជមានវឌ្ឍនភាព និងសមិទ្ធផលលេចធ្លោជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ជាអាទិ៍កម្ពុជាមិនមានទោសប្រហារជីវិត ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូល ឮចំនួន៨ ក្នុងចំណោម៩ ការដាក់របាយការណ៍ជាតិជូនគណៈកម្មាធិការទទួលបន្ទុកតាមសន្ធិសញ្ញានីមួយៗបានទៀងទាត់ សុខដុមនីយកម្មសាសនាដែលជាគំរូសម្រាប់ប្រទេសជាច្រើនចង់រៀនសូត្រតាម ព្រមទាំងវិស័យជាច្រើនទៀតមានការអភិវឌ្ឍរួមមាន សិទ្ធិស្រ្តី ការអប់រំ សុខាភិបាល សង្គមកិច្ច និងនយោបាយ។
បន្ថែមពីនេះ សិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQIA+) ក៏ត្រូវបានលើកកម្ពស់និងការពារផងដែរ ដោយមិនមានការរឹតត្បិត ឬដាក់ទោសទណ្ឌអ្វីឡើយ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើកុំឱ្យមានការរើសអើង ឬការប្រព្រឹត្តអំពើមិនគប្បីណាមួយចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមគោលជំហររបស់រាជរដ្ឋាភិបាល ដែលមិនទុកនរណាម្នាក់ចោល ឬផាត់ចេញក្រៅសង្គមឡើយ។ រាជរដ្ឋាភិបាលក៏បានសម្រេចចូលរួមគាំទ្រជាមួយប្រទេសបារាំង លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលស្តែងចេញតាមរយៈកំណើនអាយុមធ្យមសង្ឃឹមរស់របស់ប្រជាពលរដ្ឋ ការរីកចម្រើនសមត្ថភាពរបស់យុវជនកម្ពុជាក្នុងការប្រកួតប្រជែងនិងទទួលបានជ័យលាភីជាបន្តបន្ទាប់ទាំងកម្រិតជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យកីឡាដែលអត្តពលិកកម្ពុជាទទួលបានជ័យជម្នះ និងមេដាយគ្រប់ប្រភេទក្នុងកម្មវិធីផ្សេងៗ នៅគ្រប់កម្រិត ជាដើម។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ គ.ស.ម.ក. ចូលរួមយ៉ាងសកម្មដោយបានដាក់ញត្តិប្តឹង សេចក្តីថ្លែងការណ៍ និងលិខិតតវ៉ាផ្សេងៗ ចំនួន ៦០ ចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន ១០លើក ព្រមទាំងដំណើរបេសកកម្មសិទ្ធិមនុស្សយ៉ាងសកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះនេះទៅលើសិទ្ធិមនុស្ស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសបញ្ហាប្រឈមនៃប្រជាពលរដ្ឋភៀសសឹកដែលត្រូវផ្លាស់ប្តូរទីលំនៅ ដោយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្តល់ជម្រកសមរម្យ សេវាសង្គមកិច្ច និងកិច្ចការពារផ្នែកច្បាប់ ស្របតាមកតិកាសញ្ញាសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការវាយតម្លៃខ្ពស់សម្រាប់ខេត្តកោះកុង ចំពោះខិតខំប្រឹងប្រែងរបស់ខេត្ត ដែលបានបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក៏ដូចជាកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យផ្សេងៗទៀតជាច្រើន។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងទុកចិត្ត ព្រមទាំងរួមសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិ ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តកោះកុង មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំដំណើរការសិក្ខាសាលានេះដោយរលួន៕










