ឯកឧត្តម អ៊ិត រ៉ាឌី អញ្ជើញជាអធិបតីក្នុង”សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”

ឯកឧត្តម អ៊ិត រ៉ាឌី អញ្ជើញជាអធិបតីក្នុង”សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” ឯកឧត្តម អ៊ិត រ៉ាឌី អញ្ជើញជាអធិបតីក្នុង”សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តកំពង់ធំ បានសហការរៀបចំ “សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” នៅសាលាខេត្ត កំពង់ធំ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក និងមន្រ្តីរាជការនៃមន្ទីរជុំវិញខេត្តកំពង់ផងដែរ។
ឯកឧត្តមញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមាន ដើម្បីប្រទេសទទួលបាននូវសន្តិភាព និងការអភិវឌ្ឍ ។ បច្ចុប្បន្ន សិទ្ធិរបស់ប្រជា ពលរដ្ឋត្រូវបានការពារ និងគោរព ។ ប្រជាពលរដ្ឋមានសិទ្ធិពេញទីក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធទទួល បានការអប់រំ សិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិ ជាដើម ។ សិទ្ធិសេរីភាពទាំងនេះ កើតចេញពីសុខសន្តិភាព ដែលនាំមកនូវលិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស ។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងផងដែថា សិទ្ធិមនុស្សកើតទៅបានដរាបណាប្រទេសជាតិមានសន្តិភាព ដូចនេះសូមឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព។ ឯកឧត្តមបានផ្តាំផ្ញើចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹង អំពីសិទ្ធិមនុស្ស និងរួមគ្នាការពារសន្តិភាព ទើបយើងមានសិទ្ធិមនុស្ស។
ឯកឧត្តម អ៊ីត រ៉ាឌី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែ បង្ហាញនូវឆន្ទៈមុតមាំក្នុងការគោរពសិទ្ធិមនុស្ស។ ឯកឧត្តមក៍បាន លើកឡើងថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពី សិទ្ធិ មនុស្ស នៅ កម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា។
ឯកឧត្តមបានលើកឡើងបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្យីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្បីឱ្យអង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ រួមនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃរបាយការណ៍នេះ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ នូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះ ផងដែរ។ បន្ថែមពីនេះ ក៏ជាការបង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជា រដ្ឋសមាជិកអង្គការសហប្រជាជាតិ។
នៅទីបញ្ចប់ ឯកឧត្តម អ៊ិត រ៉ាឌី បាន ថ្លែង អំណរគុណ ចំពោះ រដ្ឋបាល ខេត្ត កំពង់ធំ ចំពោះ កិច្ច សហ ការរៀបចំ សិក្ខាសាលា ផ្សព្វ ផ្សាយ របាយការណ៍ ជាតិ ដ៏មានសារៈសំខាននេះ។ ឯកឧត្តម ក៏ បាន ផ្ដាំផ្ញើ សិក្ខាកាម ទាំងអស់ យកចិត្ត ទុកដាក់ ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅ ផងដែរ៕

អត្ថបទទាក់ទង