ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ដឹកនាំចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផា

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ដឹកនាំចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផា ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ដឹកនាំចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផា
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំគណៈប្រតិភូ រួមមានថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រុមការងារមេធាវីស្ម័គ្រចិត្តគ.ស.ម.ក. ព្រមទាំងសិល្បករ សិល្បការិនី មួយចំនួនចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ តាមការអំពាវនាវរបស់មន្ទីរពេទ្យ សម្រាប់ជាប្រយោជន៍ជួយដល់កុមារដែលត្រូវការឈាមចាំបាច់ក្នុងការព្យាបាលជំងឺ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ផងដែរ ដែលសរុបចំនួន ៣០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងផងដែរថា សារៈសំខាន់នៃការចូលរួមកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា គឺជាការរួមចំណែកសង្គ្រោះជីវិតកុមារ និងគាំទ្រដល់ការផ្គត់ផ្គង់ឈាមដែលកំពុងមានតម្រូវការខ្ពស់ ហើយកិច្ចការនេះគឺជាការទទួលខុសត្រូវរួមរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់មន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលឹកឲ្យគ្រប់គ្នាចងចាំ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជា ដោយមិនគិតថ្លៃ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងការជួយសម្របសម្រួលកម្មវិធីបរិច្ចាគឈាម និងអរគុណដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ.ស.ម.ក. ក្រុមមេធាវីស្ម័គ្រចិត្ត និងបងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្តល់ឈាម នៅថ្ងៃនេះ។

អត្ថបទទាក់ទង