ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្ដការ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)”
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីយន្ដការ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)”
បាត់ដំបង៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា ជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុប៣២០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យន្តការ UPR គឺជាយន្តការដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីអាទិភាពនានា ដើម្បីធានាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ គឺជាបុរេលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងស្របតាមអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងក្របខណ្ឌ UPR។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីចំណុចជាអាទិភាព និងឈានមុខគេរបស់កម្ពុជា ក្នុង វិស័យសិទ្ធិមនុស្ស រួមមាន ការផ្តល់សច្ចាប័នលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដ៏ច្រើនលើសលប់ ការ អនុញ្ញាតឱ្យមានវត្តមានការិយាល័យ OHCHR អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា និងការបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្ដេចតេជោ និងសម្ដេចធិបតី បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះអាយុជីវិត សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប តាមរយៈប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសនៃការដោះស្រាយបញ្ហាដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថានេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយត្រូវចៀសវាងជឿតាមការឃោសនាអកុសលណាមួយក្នុងចេតនាបន្ទច់បន្អាក់ការពង្រឹងខឿនការពារជាតិរបស់កម្ពុជាពីសំណាក់បច្ចាមិត្ត។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហា ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕












